រដ្ឋាភិបាលនឹងជំរុញឲ្យមានបណ្ដាញអគ្គិសនីទៅកាន់តំបន់ប្រភពទឹកធ្វើស្រែ ជំនួស ឲ្យការប្រើប្រេងឥន្ធនៈដែលមានតម្លៃខ្ពស់ និងជំរុញការផលិតជីកសិកម្មក្នុងស្រុក។ នេះបើតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយកម្មករនៅស្រុកអង្គស្នួល ខេត្តកណ្ដាល នៅថ្ងៃទី២០ខែកុម្ភៈនេះ។ ដើម្បីកាត់បន្ថយថ្លៃដើមផលិត រដ្ឋាភិបាលនឹងចង្អុលបង្ហាញដល់អាជ្ញាធរអគ្គិសនីឲ្យជំរុញដល់ក្រុមហ៊ុនអគ្គិសនី តបណ្ដាញអគ្គិសនីដល់ប្រភពទឹកដើម្បីឲ្យកសិករបានប្រើប្រាស់ម៉ូទ័របូមទឹកដាក់ស្រែ ជំនួសការប្រើម៉ាស៊ីនប្រើប្រេងឥន្ធនៈដែលចំណាយខ្ពស់។ ម្យ៉ាងទៀត រដ្ឋាភិបាលនឹងជំរុញឲ្យមានការផលិតជី កសិកម្មក្នុងស្រុក ដើម្បីឲ្យកសិករចំណាយលើតម្លៃជីទាបជាងជីនាំចូលពីក្រៅប្រទេស។ សម្ដេចបានលើកពីករណីនាំចេញអង្ករមួយ ដែលកម្ពុជាមិនទាន់សម្រេចបានផែនការនាំចេញ ១លានតោន ខណៈវៀតណាមនាំចេញ ៥លានតោន និងថៃ ៦លានតោន។ សម្ដេចក៍បានបន្ថែមទៀតថា៖ ការនាំចេញអង្ករកម្ពុជា នៅចាញ់ការប្រកួតប្រជែងជាមួយអង្ករប្រទេសដទៃទៀត ព្រោះចំណាយថ្លៃដើមផលិតខ្ពស់ជាងប្រទេសជិតខាងនៅឡើយ៕