Breaking News
Home / ពត៌មានថ្មីៗ / អាជ្ញាធរជាតិអប្សរានឹងរៀបចំធ្វើបាឋកថាស្តីពី “ទំនាក់ទំនងសិល្បៈខ្មែរ និងចាម” នៅថ្ងៃ៣០ កក្កដានេះ

អាជ្ញាធរជាតិអប្សរានឹងរៀបចំធ្វើបាឋកថាស្តីពី “ទំនាក់ទំនងសិល្បៈខ្មែរ និងចាម” នៅថ្ងៃ៣០ កក្កដានេះ

តាមការប្រកាសពីអាជ្ញាធរជាតិអប្សរានៅក្នុងទំព័រហ្វេសបុកកាលពីពេលថ្មីៗបានអោយដឹងថា ៖ បាឋកថាស្តីពី ទំនាក់ទំនងសិល្បៈខ្មែរ និងចាម នឹងត្រូវរៀបចំឡើង នៅសាលសិក្សានៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ របស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ចាប់ពីម៉ោង ០៩ដល់ម៉ោង១១ព្រឹក។ បាឋកថានេះនឹងធ្វើឡើងដោយលោក សាស្ត្រាចារ្យ Tran Ky Phoung អ្នកជំនាញខាងប្រវត្តិសាស្រ្ត និង សិល្បៈចាម និងជាសមាជិកក្រុមស្រាវជ្រាវផ្លូវបុរាណសម័យអង្គរ ភាគីវៀតណាម។ នេះបើតាមសេចក្តីជូនដំណឹងរបស់មជ្ឈមណ្ឌល អន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរា។

លោកសាស្ត្រាចារ្យ Tran Ky Phoung ធ្លាប់មានតួនាទីជាអ្នកអភិរក្ស សិល្បៈចាមនៅសារមន្ទីរសិល្បៈចាមក្នុងខេត្តដាណាងប្រទេស វៀតណាម។ លោកសាស្ត្រាចារ្យរូបនេះក៏ធ្លាប់សរសេរសៀវភៅ និងបោះពុម្ពតាមទស្សនាវដ្តីជាច្រើនអំពីប្រវត្តិសាស្ត្រ និងសិល្បៈ ចាមបុរាណជាភាសាអង់គ្លេស ភាសាបារាំង និងភាសាវៀតណាម។ សព្វថ្ងៃលោកមានតួនាទីជាអ្នកស្រាវជ្រាវជាន់ខ្ពស់ផ្នែកប្រវត្តិសាស្ត្រ ចាម និងជនជាតិភាគតិចនៅវៀតណាមកណ្តាល។ ជាមួយគ្នានេះ លោកក៏សមាជិកមួយរូបក្នុងចំណោមក្រុមស្រាវជ្រាវផ្លូវបុរាណសម័យ អង្គរភាគីវៀតណាម ដែលកំពុងដំណើរការស្រាវជ្រាវលើគម្រោង “ទំនាក់ទំនងវប្បធម៌នៅអាស៊ីអាគ្នេយ៍ដីគោក”។

អ្នកជំនាញបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ដែលជាប្រធានក្រុមស្រាវជ្រាវផ្លូវបុរាណសម័យអង្គរភាគីកម្ពុជា និងជាអ្នកសម្របសម្រួលកម្មវិធីបាឋកថានេះ ពន្យល់ថា បាឋកថានេះ នឹងធ្វើឡើងដោយផ្តោតសំខាន់ទៅលើប្រធានបទ៣។ ទី១ ទិដ្ឋភាព ទូទៅនៃប្រវត្តិសាស្ត្រចាម វប្បធម៌ និងសិល្បៈចាម។ ទី២ ទំនាក់ទំនង រវាងសិល្បៈចាម និងខ្មែរសម័យអង្គរ។ ទី៣ ទំនាក់ទំនងសិល្បៈចាម និងប្រាសាទភិម៉ាយប្រទេសថៃសព្វថ្ងៃ។

លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ ឯកសារអង្គរនៃអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ជារៀងរាល់ខែ មជ្ឈមណ្ឌលតែងរៀបចំកម្មវិធីបាឋកថាម្តង ឬពីរដង។ បាឋកថានេះ ធ្វើឡើងដោយក្រុមអ្នកស្រាវក្នុងក្របខណ្ឌអាជ្ញាធរជាតិអប្សរា និងដៃគូស្រាវជ្រាវអន្តរជាតិនានា ដែលធ្វើការស្រាវជ្រាវក្នុងតំបន់អង្គរ។

បទបង្ហាញនេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ ស្រាវជ្រាវ និងបន្ថែមចំណេះដឹងថ្មីដែលអ្នកស្រាវជ្រាវជាតិ និង អន្តរជាតិបានសិក្សា។ ដូចនេះអាជ្ញាធរជាតិអប្សរា សូមគោរពអញ្ជើញ សិស្ស និស្សិត មគ្គុទ្ទេសក៍ទេសចរណ៍ អ្នកសារព័ត៌មាន និង សាធារណជនដែលមានបំណងឈ្វេងយល់ សូមអញ្ជើញចូលរួមស្តាប់ ដើម្បីជាការលើកទឹកចិត្តដល់អ្នកស្រាវជ្រាវក៏ដូចជាការទទួលយកនូវ ចំណេះដឹងថ្មីៗបន្ថែមទៀត៕

About

Leave a Reply

Facebook