Breaking News
Home / ពត៌មានថ្មីៗ / មូលនិធិ​ហ្សា​កាត់​នៃ​សហរដ្ឋអាមេរិក “Zakat foundation of America” បាន​ជួយ​ឧបត្ថម​គោ​គួ​រ៉​ប៉ាន​គិត​ជា​ថវិកា​ចំនួន ១២.០០០​ដុល្លារ

មូលនិធិ​ហ្សា​កាត់​នៃ​សហរដ្ឋអាមេរិក “Zakat foundation of America” បាន​ជួយ​ឧបត្ថម​គោ​គួ​រ៉​ប៉ាន​គិត​ជា​ថវិកា​ចំនួន ១២.០០០​ដុល្លារ

ត្បូងឃ្មុំ: មូលនិធិ​ហ្សា​កាត់​នៃ​សហរដ្ឋអាមេរិក “Zakat foundation of America” បាន​ជួយ​ឧបត្ថម​គោ​គួ​រ៉​ប៉ាន​គិត​ជា​ថវិកា​ចំនួន ១២.០០០​ដុល្លារ តាមរយៈ​អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា​។ អំណោយ​បាន​នាំយក​ចែកជូន​បងប្អូន​ខ្មែរ​អ៊ីស្លាម ដែលមាន​ជីវភាព​ទីទាល់ក្រ​ប្រមាណ​ជា​៥០០​គ្រួសារ ស្ថិតនៅ​ក្នុងភូមិ​ចំនួន​បី ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​រ៉​យ៉ា​ហា​ជី​ខែកញ្ញា​ឆ្នាំ​២០១៥​កន្លងទៅ​។​

​លោក​ស្លេះ​ណា​ស៊ី ប្រធាន​អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា បាន​ឲ្យ​ដឹងថា បងប្អូន​មូស្លីម​នៅ​សហរដ្ឋអាមេរិក មាន​ក្តី​អាណិតអាសូរ​ចំពោះ​បងប្អូន​អ៊ីស្លាម​ក្រីក្រ​នៅ​កម្ពុជា ដោយបាន​ផ្តល់​អំណោយ​ជា​គោ​គិត​ជា​ថវិកា​ចំនួន ១២.០០០​ដុល្លារ សម្រាប់ធ្វើ​គួ​រ៉​ប៉ាន​តាម​ជំនឿ​សាសនា​អ៊ីស្លាម​របស់ខ្លួន​។​

 

​លោក​ស្លេះ​ណា​ស៊ី បាន​បន្តថា អំណោយ​ទាំងនោះ​បានផ្តល់​តាមរយៈ​អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា និង​បាន​នាំយក​ចែកជូន​បងប្អូន​ខ្មែរ​អ៊ីស្លាម មាន​ជីវភាព​ក្រីក្រ​ចំនួន​៥០០​គ្រួសារ នៅតាម​ភូមិ​ចំនួន​បី​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។ ក្នុងនោះ​មាន​ភូមិ​ព្រែក​តូច​ភូមិ​បឹង​ទន្សោង និង​ភូមិ​គក​ដែល​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​សាច់គោ​គួ​រ៉​ប៉ាន​ចំនួន​ពីរ​គីឡូក្រាម​។​

​ក្នុងឱកាស​ចែក​សាច់គោ​គួ​រ៉​ប៉ាន​នាពេលនោះ លោក​ស្លេះ​ណា​ស៊ី ក៏បាន​សុំ​ឲ្យ​បងប្អូន​អ៊ីស្លាម​ទាំងអស់​ត្រូវ​ជំរុញ និង​បញ្ជូន​កូនចៅ​ឲ្យ​ទៅ​សិក្សា​រៀនសូត្រ​បាន​គ្រប់ៗ​គ្នា​។ ការចូល​សាលារៀន​ត្រូវតែ​ទទួលបាន​នូវ​ចំណេះដឹង​ទូទៅ និង​ចំណេះ​ផ្នែក​សាសនា ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​ធនធានមនុស្ស​ជំនាន់​ក្រោយ​ដ៏​មានតម្លៃ​រស់ក្នុង​សង្គម​អាចជួយ​ខ្លួនឯង និង​ជីវភាព​គ្រួសារ​ហើយក៏​ជា​កម្លាំងចលករ​ដ៏​សំខាន់​សម្រាប់​ចូលរួម​អភិវឌ្ឍន៍​សហគមន៍រ​បស់បង​ប្អូន នា​ថ្ងៃ​អនាគត​។​

20150926_153611

​បងប្អូន​អ៊ីស្លាម​ម្នាក់​ពិការភ្នែក​សងខាង​ដែល​បានមក​ទទួល​អំណោយ​សាច់គោ​គួ​រ៉​ប៉ាន បាន​សម្តែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ និង​សេចក្តី​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់ជំនួយ​គួ​រ៉​ប៉ាន​នេះ​ផងដែរ​។ ប្រជាពលរដ្ឋ​អ៊ីស្លាម សុំ​ឲ្យ​ព្រះ​អ​ល់​ឡោះ​ជា​ម្ចាស់​ទទួលយក​នូវ​ទង្វើ​ល្អ​របស់​ពួកគាត់​ជា​ម្ចាស់ជំនួយ និង​សុំ​ឲ្យ​ពួកគាត់​រកស៊ី​មានបាន​ត្រជាក់ត្រជុំ​តទៅ​។​

​លោក​តន់​ធា មេឃុំ​ថ្ម​ពេជ្រ បាន​ឲ្យ​ដឹងថា ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​នៅក្នុង​មូលដ្ឋាន​របស់លោក​មាន​ជីវភាព​ខ្វះខាត​ខ្លាំងណាស់ គឺ​ពួកគាត់​ភាគច្រើន​ជា​កសិករ​ធ្ចើ​ស្រែ​បានតែ​មួយដង​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ ជាហេតុ​ធ្វើ​ឲ្យ​ពួកគាត់​មាន​កង្វះខាត​ផ្នែក​ជីវភាព​។ ជាមួយគ្នានេះ​ជួសមុខ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អ៊ីស្លាម ដែល​បានទទួល​អំណោយ​ជា​សាច់គោ​គួ​រ៉​ប៉ាន លោក​សូម​ថ្លែងអំណរគុណ​ចំពោះ​ប្រធាន​មណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា ក៏ដូចជា​ម្ចាស់ជំនួយ​ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​របស់លោក​។​
20150927_111845

​សូមបញ្ជាក់ថា សកម្មភាព​ចែក​សាច់គោ​គួ​រ៉​ប៉ាន​ជូន​សាសនិក​អ៊ីស្លាម​ក្រីក្រ​នៅពេលនេះ គឺជា​គម្រោង​ជំនួយ​មនុស្សធម៌​លើក​ទី​ពីរ​របស់​មូលនិធិ​ហ្សា​កាត់ នៃ​សហរដ្ឋអាមេរិក​(ZF) ក្រោម​កិច្ចសហការ​ជាមួយ​អង្គការ​មជ្ឈមណ្ឌល​ព័ត៌មាន​មូស្លីម​កម្ពុជា ដែល​សកម្មភាព​មនុស្ស​ធម៌​លើកទីមួយ គឺជា​ការចែក​កញ្ចប់​អាហារ​ស្រាយ​បួស​ជូន​សាសនិក​អ៊ីស្លាម​នៅក្នុង​ខែ​រ៉​ម៉ា​ទ​ន​កន្លងទៅ​៕

About

Leave a Reply

Facebook