Breaking News
Home / ពត៌មានថ្មីៗ / តាមពិតពាក្យ “ខ្មែរឥស្លាម “ ត្រូវបានប្រើជាផ្លូវការតាំងពីពេលណាដែរ ?

តាមពិតពាក្យ “ខ្មែរឥស្លាម “ ត្រូវបានប្រើជាផ្លូវការតាំងពីពេលណាដែរ ?

ពាក្យ «ខ្មែរឥស្លាម» ដែលត្រូវបានគេប្រើប្រាស់ជាទូទៅ សំដៅលើសហគមន៍ចាម ជ្វា និងម៉ាឡេ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា។ គេប្រើពក្យនេះដើម្បីជំនួសពាក្យ «មូស្លីម» ដែលមានន័យថា អ្នកដែលគោរពប្រតិបត្តិសាសនាឥស្លាមផងដែរ។ តាមការសៀវភៅរបស់លោកអ៊ីសា អូស្មាន ដែលមានចំណងជើងថា Navigating the Rift ដែលចេញផ្សាយឆ្នាំ២០១០ បានបញ្ជាក់ថា ជនជាតិចាមត្រូវបានអតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ផ្តល់នាមជាខ្មែរឥស្លាម តាមព្រះរាជ្រក្រមលេខ ៩១៣ នស ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៥៤ ។

លោក ឡឹប កើ អ្នកស្រាវជ្រាវពីវប្បធម៌ជនជាតិចាម បានប្រាប់គេហទំព័រព័ត៌មានថ្មីៗកាលពីពេលកន្លងទៅថ្មីៗនេះថា វាមានន័យស្មើនឹងពាក្យ មូស្លីម ដែលកាន់សាសនាឥស្លាមនៅកម្ពុជា។ លើសពីនេះ វាក៏បង្ហាញពីការស្រឡាញ់ ការយកចិត្តទុកដាក់ ចាត់ទុកជាជនជាតិខ្មែរតែមួយ។ លោក កើ បញ្ជាក់ថា៖« នេះមកព្រះករុណា (សម្តេច សីហនុ) មានព្រះហឫទ័យអាណិតស្រឡាញ់ជនជាតិចាម ឫក៏មូស្លីមនៅកម្ពុជា ថានេះគឺជាខ្មែរតែមួយ។ លោកបានប្រទានឈ្មោះថា ខ្មែរឥស្លាម ឫក៏ខ្មែរលើ ខ្មែរក្រោម លោកចង់ឲ្យប្រជាសហគមន៍ទាំងឡាយគិតថា យើងមានអនាគតតែមួយ វាសនាតែមួយ ចឹងត្រូវស្រឡាញ់ ត្រូវរាប់អានគ្នា…»។

sihanouk_kampot_1965

(រូបថត៖ អតីតព្រះមហាក្សត្រជាមួយខ្មែរឥស្លាមក្នុងពិធីសម្ពោធសាលារៀនមួយនាខត្តកំពតឆ្នាំ១៩៦៥)

គេហទំព័រថ្មីៗក៏បានសរសេរដោយដកស្រង់ប្រភពពីសៀវភៅមួយដែលមានចំណងជើងថា «ក្រុមជនជាតិភាគតិចនៅកម្ពុជា» ក៏បាននិយាយដែរចំពោះការប្រើប្រាស់ពាក្យ ខ្មែរឥស្លាម។ សម្តេច សីហនុ បានប្រកាន់គោលការណ៍ជាតិនិយមខ្លាំង ក្នុងបំណងក្តោបក្តាប់សេដ្ឋកិច្ចជាតិពីជនជាតិចិន និងវៀតណាម និងទាញប្រយោជន៍សម្រាប់ជាតិខ្មែរ។ ក្នុងបរិបទនេះហើយ ទើបការបង្កើតវាក្យស័ព្ទថ្មីមួយ ត្រូវបានបង្កើតឡើង ដើម្បីហៅជនជាតិភាគតិចមួយចំនួននៅកម្ពុជា ដោយប្រើប្រាស់បុព្វបទ «ខ្មែរ»។ នៅពេលនោះហើយ ដែលពាក្យ «ខ្មែរឥស្លាម» «ខ្មែរលើ» និង «ខ្មែរក្រោម» ត្រូវបានគេចាប់ផ្តើមប្រើប្រាស់។

About cadmin

Leave a Reply