Breaking News
Home / Local News / មូលនិធិហ្សាកាត់នៃសហរដ្ឋអាមេរិច ( Zakat Foundation Of America) ផ្តល់អំណោយខែរ៉ម៉ាឌនជូនសាសនិកឥស្លាមកម្ពុជា

មូលនិធិហ្សាកាត់នៃសហរដ្ឋអាមេរិច ( Zakat Foundation Of America) ផ្តល់អំណោយខែរ៉ម៉ាឌនជូនសាសនិកឥស្លាមកម្ពុជា

នាថ្ងៃចន្ទទី ៥​​ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញនេះ ប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា លោក ស្លេះ ណាស៊ី ព្រមទាំងក្រុមការងារបាននាំយកកញ្ចប់អាហារខែរ៉ម៉ាឌនដែលជាអំណោយរបស់សប្បុរសជនមូស្លីមនៅសហរដ្ឋអាមេរិចតាមរយៈមូលនិធិហ្សាកាត់នៃសហរដ្ឋអាមេរិច (Zakat Foundation Of America) ទៅចែកជួនប្រជាពលរដ្ឋខ្មែរឥស្លាមទីទល់ក្រចំនួន ២០០ គ្រួសារ ស្ថិតនៅក្នុងភូមិសាស្រ្តចំនួន ៣ ខុសគ្នា គឺនៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរ ខេត្តព្រៃវែង ភូមិកំពង់សឹង និងភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

នៅក្នុងឪកាសនោះ ប្រធានមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា លោក ស្លេះ ណាស៊ី ក្នុងនាមជាតំណាងរបស់មូលនិធិហ្សាកាត់នៃសហរដ្ឋអាមេរិចដែលជាម្ចាស់ជំនួយបានលើកឡើងថា​ជារៀងរាល់ឆ្នាំ មូលនិធិហ្សាកាត់នៃសហរដ្ឋអាមេរិច​តែងតែសហការជាមួយមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ក្នុងការផ្តល់ជាកញ្ចប់អារហារខែរ៉ម៉ាឌនសម្រាប់ចែកជូនប្រជាពលរដ្ឋខ្មែរឥស្លាមក្រីក្រនៅកម្ពុជា ដែលក្នុងនោះនៅក្នុងឆ្នាំ២០១៧នេះ មូលនិធិហ្សាកាត់នៃសហរដ្ឋអាមេរិចបានផ្តល់ជូនកញ្ចាប់អាហារខែរ៉ម៉ាឌនចំនួន ២០០កញ្ចប់ និងថវិការសម្រាប់ស្រាយបួសនៅតាមវិហារឥស្លាមមួយចំនួនទៀត ។

លោក ស្លេះ ណាស៊ី បន្ថែមថា បើទោះបីជាកញ្ចប់អាហារដែលចែកជូននៅពេលនេះ មិនបានច្រើនហូរហៀរយ៉ាងណាក្តីក៏វាអាចជួយដល់ជីវភាព  ក៏ដូចជាជួយរំលែកការចំណាយរបស់បងប្អូនមូស្លីមដែលទីទលក្របានមួយរយៈផងដែរ ។​

លោក អើស្អារី ដែលជាអ្នកដឹកនាំការថ្វាយបង្គុំក្នុងវិហារឥស្លាមភូមិស្ទឹងស្លូតនេះ បានប្រាប់ទូរទស្សន៍មូស្លីមកម្ពុជាឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរឥស្លាមនៅក្នុងភូមិស្ទឹងស្លូតនេះ​ភាគច្រើនជាអ្នកទីទលក្រ​ ដែលជីវភាពស្ទើរតែទាំងស្រុងពឹងផ្អែកទៅលើរបរនេសាទ ហើយការនេសាទនេះទៀតសោត ប្រជាពលរដ្ឋអាចរកកំរៃបានតែបន្តិចបន្តូចតែប៉ុណ្ណោះក្នុងមួយថ្ងៃៗ

<< យ៉ាប់ណាស់ខែនេះ ហើយឆ្នាំហ្នឹងគឺយ៉ាប់មែនទែនតែម្តងរឿងរកត្រីហ្នឹង ហើយមកដល់ខែបួសហ្នឹងទៀតកាន់តែយ៉ាប់ទៀត យ៉ាប់មែនទែនតែម្តង សឹងតែមួយថ្ងៃរកបានត្រីតែបី​ ឬបួនខាំទេ ប្រជាជនយើងខ្ញុំ ១០០ភាគរយខាងនេសាទត្រី ។ ហើយខ្ញុំបានទទួលអំណោយដែលគេឲ្យមកសម្រាប់ខែបួសនេះ ខ្ញុំត្រេកអរខ្លាំងណាស់ >>

ប្រជាពលរដ្ឋខ្មែរឥស្លាមផ្សេងទៀតដែលបានទទួលអំណោយមនុស្សធម៏ខែរ៉ម៉ាឌននៅពេលនេះបានសំដែងនូវទឹកចិត្តរំភើបសប្បាយរីករាយ ព្រមទាំងបានលើកឡើងនូវការថ្លែងអំណរគុណយ៉ាងដូចឆ្នេះថា   <<គ្រួសារពួកខ្ញុំនៅក្នុងភូមិនេះក្រីក្រណាស់ ខ្វះមុខ ខ្វះក្រោយ ។ ពួកខ្ញុំសប្បាយចិត្តណាស់ដែលបានទទួលអំណោយនេះ សុំពីអល់ឡោះឲ្យម្ចាស់ជំនួយទាំងឡាយបានរីសគីឲ្យកាន់តែច្រើន >>  << ពួកខ្ញុំត្រែកអរ រំភើបណាស់ គ្មានពាក្យអ្វីថ្លែងទេ មានតែលើកដៃសុំពីអល់ឡោះ អោយរាល់បំណងប្រាថ្នារបស់អស់លោក អល់ឡោះជាម្ចាស់ឲ្យបានសមដូចឮបំណងផងចុះ >>

សូមជម្រាបជូនដែរថា​ កញ្ចប់អាហាររ៉ម៉ាឌនដែលចែកជូននាពេលនេះ ក្នុងនោះមានអង្ករ ៥០ គីឡូក្រាម មី ១កេស ទឹកដោះគោ ទឹកស៊ីរ៉ូ ត្រីខកំប៉ុង ស្ករស អំបិល និងផ្លែល្មើរ​ ។ ក្រៅតែពីផ្តល់ជំនួយជាកញ្ចប់អាហារសម្រាប់ខែរ៉ម៉ាឌននេះ មូលនិធិហ្សាកាត់នៃសហរដ្ឋអាមេរិចតាមរយៈមជ្ឈមណ្ឌលព័ត៏មានមូស្លីមកម្ពុជាក៏បានផ្តល់ជំនួយផ្សេងៗជាច្រើនទៀតសម្រាប់សហគមន៍ខ្មែរឥស្លាមនៅកម្ពុជា​​ដែលមានដូចជា ការសាងសង់វិហារឥស្លាម សាសារៀន អណ្តូងទឹក និងគោគួរបានជាដើម ៕

About cadmin

Leave a Reply

Facebook